Tuesday, September 2, 2008

ច្បាប់របស់កម្ម

មនុស្សក្ររស់នៅលំបាកខ្លាំងណាស់ ពុំមានបុណ្យចាស់តម្កល់តាក់តែង
បានព្រឹកខ្វះល្ងាចរែងព្រួយចំបែង ខំប្រឹងស្វះស្វែងនៅតែមិនគ្រប់។
នេះជាកម្មផលរបស់មនុស្សលោក ព្រះទ្រង់មានជោគសម្តែងជាម្លប់
កម្មស្សកោម្ហិទ្រង់បានប្រារព្ធ រៀងរាល់ថ្ងៃយប់ជារបស់ខ្លួន់។
កុំយល់ថាព្រោះមកពីអ្នកណា ហេតុច្រើនប្រការឱ្យផលផ្ទួនៗ
សន្សំសន្តានទុកយ៉ាងខ្ចប់ខ្ចួន ជួបម្ចាស់គាប់ជួនផ្តល់ជូនជាពិសេស។
កម្មទាយាទោសម្តែងប្រាប់ មរតកច្បាប់ឫសកែវចំនេះ
កុសលអកុសលផលមិនរបេះ ជាប់ស្អិតដូចច្រែះស៊ីរូងផ្ទៃក្នុង។
កម្មយោនិប្រាប់ថាកើត មានជាតិរួមកំនើតទំនុកបម្រុង
យកបាបនិងបុណ្យគាំទ្រផ្តើមផ្ចុង ចុះចិត្តសំយុងចាត់ចែងឧស្សាហ៍។
កម្មពន្ធុដែលជាផៅពង្ស ជូយបន្តវង្សតូអង្គចេតនា
ហុចផលវិបាកដល់រូបអាត្មា រសឆ្ញាញ់អស្ចារ្យចូលចិត្តចាំចង។
កម្មបដិនិស្សរណោ ជាសង្កប្បោរលឹកចងក្រង
មានមកគ្រប់ជាតិជាចម្បង អ្វីៗចាំត្រងបន្តភពទៀត។
នេះគឺអំពើរបស់យើងធ្វើ មិនមានល្ញីល្ងើគ្មានអ្វីមកជ្រៀត
ដឹងហេតុស្គាល់ផលពុំមានអ្វីបៀត ទីណាចង្អៀតនៅតែឆ្លៀតបាន។
នត្ថិ កម្មំ សមំ ពលំ កម្លាំងយ៉ាងខ្លាំងមិនអាចប្រមាណ
តាមមកឱ្យផលគ្រប់ពេលមិនខាន គ្មានអ្វីប្រែប្រាណពិច្បាប់ធម្មជាតិ។
បើយល់ដូចនេះគួរកុំសន្សំ អំពើលោភលាន់អកុសលធាតុ
ធ្វើឱ្យរងទុក្ខលំបាកគ្រប់ជាតិ ត្រូវខំខ្មីខ្មាតសាងកុសលធម៌។
អង្គមគ្គប្រាំបីផ្លូវព្រះអរិយ នៅជាលោកិយមិនទាន់គ្រប់គភ៌
ជ្រើសយកកុសលជូយផ្តល់បន្ទរ ទាញផលនុះន៏! សន្សំតទៅ។

No comments: