Sunday, August 24, 2008

I. សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​០២)
ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម​ភ្នំ ដោយ​ព្រះបាទ សុរិយ​វរ្ម័ន​ទី១ នៅ​ពាក់​កណ្តាល​ទីមួយ​នៃ​សតវត្សរ៍​ទី​១១ នៅ​ក្នុង​ដែនដី​ស្រុក​ខ្មែរ ដែល​កាលណោះ​នៅ​ពុំទាន់​មាន​ប្រទេស​ថៃ នៅ​ឡើយ​ទេ ។
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា ប្រាសាទ​ព្រះវិហារ​សង់​ឡើង​ដោយ​បែរមុខ​ទៅ​ទិស​ខាងជើង មាន​ជណ្តើរ​ឡើង​ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។ ដើម្បី​ឡើង​ទៅដល់​ប្រាង្គ​ប្រាសាទ​សំខាន់ ដែល​នៅលើ​កំពូលភ្នំ​ខ្ពស់​ជាង​គេ​នោះ គេ​ត្រូវ​ឆ្លងកាត់​ខ្លោង​ទ្វារ​៥ ។
ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ មាន​កម្ពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។
ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែល​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះបាទ ជយវរ័ន្ម​ទី​២ ក្នុង​រជ្ជកាល​នៅ​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ជា​អ្នកនាំ​យក​លិង្គ​អាទិទេព​នោះ ទៅ​ដាក់​ទៅ​ប្រតិស្ឋ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ​ឯង ។ លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត អំពី​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់​ពេល​ដែល​លោក​ចាស់​ទៅ លោក​ទៅ​រៀន​ធម៌ តាំង​សីល​នៅ​លិង្គ​បូ ៗ គឺ​ជា​វត្ត​ភូ នៅខាង​ត្បូង​ស្រុក​លាវ សព្វ​ថ្ងៃ​នេះ ។ រួច​ហើយ លោក​បាន​កសាង​លិង្គ​មួយ យក​ថ្ម​នោះជា​បំណែក​នៃ​លិង្គ​ធំ​មួយ ។ លិង្គ​នោះ​ឈ្មោះ​ថា ស្រីសិខៈ រិ ស្វារៈ លោក​យក​លិង្គ​នេះ​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈ​នេះ ពេល​ក្រោយ​ឆ្នាំ​ក្រោយ មក​ទៀត គេ​តែងតែ​ហៅ​សម្រាប់​ឈ្មោះ​លិង្គ​ផង និង​ឈ្មោះ​ទី​ប្រាសាទ​វិហារ​នេះ​ផង ដូច្នេះ​អ្នក​ដែល​មក​ប្រតិស្ឋស្ថាន ស្រីសិខៈ រិស្វារៈ ថ្ម​ហ្នឹង​គឺ​ជា​បំណែក​មួយ ដែល​នៅ​នឹង​លិង្គបូ នោះ នៅ​វត្តភូ​នោះ គឺ​យក​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេល​នោះ អ្នក​ប្រាជ្ញ​ដែល​សិក្សា​ពី​សិលាចារឹក និង​អំពី​ប្រាសាទ​ព្រះវិហារ​នោះ គេ​សន្មត់​ថា ទីនោះ​ប្រហែល​ជា​ទីតាំង​ទាំង​ប៉ុន្មាន គឺ​មិនមែន​ដូច​សព្វថ្ងៃ​នេះ​ទេ ។ មាន​តែ​អាស្រម​ធ្វើ​អំពី​ឈើ ពីព្រោះ​ជា​ទីកន្លែង​សម្រាប់​ស្នាក់នៅ​នៃ​ពួក​ព្រាហ្មណ៍ ដែល​មាន​ភារៈ​ទទួល​គោរព​ថែរក្សា​លិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។
បើតាម​អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង​និង​សំស្រ្កឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តៈបៈស្វិន្រ្ទ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន​នឹង​ប្រវតិ្ត​ប្រាសាទ​ព្រះវិហារ ។ តៈបៈស្វិន្រ្ទៈ​បណ្ឌិត មាន​អាស្រម​មួយ នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទ​ព្រះវិហារ​នោះ ។ នៅ​រវាង​ឆ្នាំ​១០២៤ គឺ​លោក​បាន​ទទួល​អង្រឹង​ស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជាច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះអង្គ​ដឹងគុណ​ដល់​លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែល​បាន​ថែ​រក្សា​លិង្គ​ព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។ លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​បន្ថែម​អំពី​ព្រះបាទ សុរិយវរ្ម័ន​ទី​១ ដែល​មាន​ជំនឿ​ខ្លាំង​ចំពោះ​លិង្គ​ព្រះអាទិទេព​នោះ ។
លោក​សាស្ត្រាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត​ដូច្នេះ​ថា ៖ «ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់ នេះ​បើ​តាម​សិលាចារឹក ។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះនាម ស្រីសិខៈ រិស្វារៈ ដែល​ធ្វើ​រួច​ហើយ​ពី​វត្តភូ យក​មក​ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ លិង្គ​នេះ​ឯង តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ បដិហារ​ឲ្យ​លោក​ឃើញ ។ លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង មាន​តែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះ​ទេ គាត់​ធ្វើ ហើយ​លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ហ្នឹង​ដល់​លោក​និង​ប្រទេស​កម្ពុជា ។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ព្រះអង្គម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់ ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ដែល​នៅ​បម្រើ​នៅក្នុង​ប្រាសាទ​ព្រះវិហារ នៅដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ មាន​អ្នក​ខ្លះ ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​ហ្នឹង គេ​មាន​ឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​យើង​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើង​ភ្នំ អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព នៅ​បូជា អ្នក​ដែល​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ថែ​រក្សា ។ អ៊ីចឹង ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំង​អស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ។ មិនមែន​គ្រាន់​ជា​អ្នក​បម្រើ យើង​ធ្វើ​តាម​ចិត្ត អត់​ទេ ។ សម្បថ​នោះ​មាន​អី​ខ្លះ​ទៅ? គឺ​ថា សម្បថ​នោះ​មាន បើ​អ្នក​ឯង​ស្បថ​ថា យាម​ប្រាសាទ គឺ​ប្រាកដ​ជា​យាម​ប្រាសាទ ។ បើ​អ្នក​ឯង​ថែ​ទាំ​ប្រាសាទ ប្រាកដ​ជា​ថែទាំ​ប្រាសាទ ។ ហើយ​លោក​បញ្ជាក់​ថា បើ​អ្នកឯង​ជា​អ្នកថែទាំ​ប្រាសាទ អ្នកឯង​ជា​អ្នក​ការពារ អ្នក​នៅ​បម្រើ​ទាំងអស់​ហ្នឹង សូម្បី​តែ​នៅក្នុង​ប្រាសាទ ក៏​ត្រូវ​ការរពារ អ្នក​អស់​ហ្នឹង សូម្បី​តែ​គេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រាសាទ ឧទាហរណ៍​ដូចជា​ទៅ​ធ្វើ​ស្រែ ឃ្វាល​គោ ដែល​នៅ​ក្រៅ​រង្វង់​ប្រាសាទ អ្នកឯង​ក៏​ត្រូវ​ការពារ​គេ​នោះ​ដែរ ។ ហើយ​លោក​ឲ្យ​ការពារ​កុំ​ឲ្យ​មាន​ពួក​បះបោរ មក​ធ្វើ​បាប​អ្នកស្រុក​អស់​នោះ ។ ដូច្នេះ​សម្បថ​នេះ​មិន​ដូច​សម្បថ​ដែល​ពួកអ្នក​រាជការ គេ​ហៅ​តម្រួត​លោក​ឲ្យ​ធ្វើ​ស្បថ​ចំពោះ​លោក ដែល​គេ​ចារ​នៅ​លើ​ខ្លោង​ទ្វារ​ប្រាសាទ​វិមាន​អាកាស នៅ​អង្គរ​នោះ​មិន​ដូចគ្នា​ទេ ។ នេះ​គឺ​យើង​ស្បថ យើង​សម្រេច​ថា យើង​នៅ​បម្រើ​អាទិទេព សិខៈ រិស្វារៈ នៅ​នឹង​ភ្នំ​ព្រះវិហារ​នេះ» ។
លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ នោះ ត្រូវ​បាន​សរសេរ​ឡើង​កាលពី​ឆ្នាំ​១០៣៧ ៕
លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែល​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះបាទ​ជយវរ្ម័ន​ទី​២ ក្នុង​រជ្ជកាល​នៅ​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ជា​អ្នកនាំ​យក​លិង្គ​អាទិទេព ស្រីសិខៈ រិស្វារៈ ទៅ​ដាក់​ប្រតិស្ឋ​នៅ​លើ​កំពូល​ភ្នំ​ព្រះវិហារ ។
ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នៅ​លើ​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។
ក្រុម​អ្នកប្រវត្តិ​វិទូ​គិត​ថា តំបន់​ប្រាសាទ​ព្រះវិហារ​នា​កាលណោះ ពុំ​ដូច​សព្វថ្ងៃ​នេះ​ទេ គឺ​ថា អាស្រម​អាច​សង់​ឡើង​អំពី​ឈើ ដែល​ជា​ទីស្នាក់នៅ​របស់​ពួក​ព្រាហ្មណ៍ ឆ្មាំ និង​អ្នក​បម្រើ ដែល​នៅ​ថែ​រក្សា គោរព​បូជា លិង្គ​អាទិទេព​នៅ​ទីនោះ ។
នៅក្នុង​ចំណោម​អ្នក​ដែល​នៅ​បម្រើ​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះ​មាន​បុរស​ម្នាក់​ឈ្មោះ ស្រីសុកៈរាមា ជា​មនុស្ស​សំខាន់ ។
លោក​សាស្រ្តាចារ្យ ឃិន សុខ រំឭក​សង្ខេប​នូវ​ប្រវត្តិ​របស់ ស្រីសុកៈរាមា ដែល​ទាក់ទិន​នឹង​សំណង់​ប្រាសាទ​ព្រះវិហារ ៖ «ស្រីសុកៈរាមា​នេះ គឺ​ក្រុមគ្រួសារ​របស់​គាត់ ជា​អ្នករក្សា​ទុក​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ តាំងពី​ព្រះរាជា​កម្ពុ រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ កិច្ចការ​រាជការ និង​រឿង​ស្នាព្រះហស្ត​ផ្សេង​ៗ តាំងពី​សម័យ​មុន​អង្គរ​គឺ​ព្រះបាទ​ស្រីប្បវរ័្មន រហូត​មក​ដល់​ព្រះបាទ ស្រី សុរិយវរ័្មន​នេះ មាន​ទាំងអស់ គេ​សរសេរ​ទុក ខ្ញុំ​មើល​នៅ​ស្លឹក​ហ្នឹង គឺ​ស្លឹករឹត​ហើយ ។ ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ​ផង និង​ទុក​នៅ​នឹង​ប្រាសាទ​មួយ​ទៀត ដែល​សព្វថ្ងៃ​នេះ នៅ​នឹង​ប្រាសាទ​ខាង​ជើង​ភ្នំ​ដងរែក ។ គេ​យក​គាត់​មក​និយាយ​នេះ គឺ​គាត់​ជា​អ្នកគោរព​ត្រឹមត្រូវ ជួយ​ធ្វើការ​បោស​សំអាត រៀបចំ​គោរព ស្រី សិខារិស្វារៈ ។ ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​ជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា ថេរវាទ ។ លោក​នៅតែ​គោរព​ព្រះឥសូរ ព្រោះ​នៅក្នុង​សិលាចារឹក​នេះ​ឯង គេ​បាន​និយាយ​ថា ដើម្បី​កំណត់​ព្រំប្រទល់​អំណាច​របស់​លោក​បណ្តោះ​អាសន្ន លោក​ឲ្យ​គេ​ធ្វើ​លិង្គ​៤ ដែល​លិង្គ​នីមួយ​ៗ​ឈ្មោះ​ដដែល​គឺ សុរិយ វ៉ារមិស្វារៈ គឺ​ឥសូរ​ដែល​មាន​ឈ្មោះ​ហៅ​ថា សុរិយវរ្ម័ន​នេះ​ឯង ។ លិង្គ​៤​នេះ​យក​ទៅ​ទុក នៅក្នុង​ខេត្ត​បាត់ដំបង គឺ​វត្ត​ឯក គឺ​ឈ្មោះ​ថា ជ័យក្សេត្រ នៅ​ព្រំប្រទល់​ខាងលិច ។ នៅ​ព្រំប្រទល់​ខាងជើង គឺ​យក​លិង្គ​មួយ ផ្សេង​ទៀត​ដែល​ព្រះនាម​ដដែល​នោះ យក​មក​ទុក​នៅ​ព្រះវិហារ កំណត់​បណ្តោះ​អាសន្ន​ព្រំប្រទល់​អំណាច​របស់​លោក​នៅផ្នែ​ខាង​ជើង ។ មាន​មួយ​ទៀត​យក​ទៅ​ទុក​នៅ​លើ​ភ្នំ សូរិយាទ្រិ គឺ​ភ្នំ​ព្រះឥសូរ ភ្នំ​ឥសូរ​យើង​នៅ​ខេត្ត​តាកែវ​សព្វថ្ងៃ​នេះ ហ្នឹង​គឺ​ផ្នែក​ទិស​ខាង​ត្បូង ។ ហើយ​មាន​មួយ​ទៀត លិង្គ​ឈ្មោះ​ដដែល​ហ្នឹង គឺ​ទុក​នៅ​ឥសាន តិរថៈ ប្រហែល​ជា​នៅតាម​ដង​ទន្លេ​មេគង្គ ប្រហែល​ជា​នៅ​ខាង​ក្រចេះ​ស្ទឹងត្រែង ។ លិង្គ​ទាំងបួន​នេះ គេ​យក​ទៅ​ប្រតិស្ឋ​នៅ​ទិស​ទាំងបួន​ហ្នឹង នៅ​នឹង​គ.ស. ១០១៨ ។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ លោក​បាន​ធ្វើ​សម្រាប់​ប្រាសាទ​ភ្នំ​ព្រះវិហារ» ។
ក្រុម​អ្នក​សិក្សា​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ​និង​ប្រាសាទ បាន​រក​ឃើញ​បន្ថែម​ថា ក្រៅពី​ស្ថាបនា​លិង្គ​ព្រះ​អាទិទេព​នោះ ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​បាន​ចំណាយ​ទ្រព្យ​សម្បតិ្ត ដើម្បី​បន្ត​ការកសាង​ប្រាសាទ​ព្រះវិហារ ។
ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ដែល​ក្រុម​អ្នក​ប្រវត្តិ​វិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ តែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅក្នុង​ដែន​ដី​នៃ​ប្រាសាទ​ព្រះវិហារ ។ បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយវរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។
លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​រំឭក​បន្ថែម​អំពី​មនុស្ស​សំខាន់​ម្នាក់​ទៀត ដែល​មាន​ប្រវត្តិ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​នោះ​ដែរ ៖ «សិលាចារឹក​នៅ​នឹង​ភ្នំ​សន្តក កា​លេខ ១៩៤ នៅភ្នំ​ព្រះវិហារ​នេះ កា​លេខ ៣៨៣ និយាយ​ច្រើន​ណាស់ តែ​អំពី​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍​នេះ បម្រើ​ស្តេច​ខ្មែរ​តាំងតែ​ពី​នៅ​វ័យ​ក្មេង តាំងតែ​ពី​ជំនាន់​រជ្ជកាល​ព្រះបាទ ឧទ័យៈទិត្យ​វរ័្មន ទី​២ ដែល​លោក​កសាង​ប្រាសាទ បាពួន ហើយ​រហូតមក​ដល់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ។ លោក​បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ហើយ​ លោក​តែងតាំង​ជា​ព្រាហ្មណ៍​ធំ សម្រាប់​ធ្វើរាជាភិសេក​ទាំងអស់​ស្តេច​ទាំង​ប៉ុន្មាន ។ សេចក្តី​សំខាន់​នៃ​សិលា​ចារឹក​ដែល​ទាក់ទង​នឹង​ព្រះវិហារ គឺ​លោក​ជា​អ្នក​ចាត់ចែង​ត​បញ្ជា​ពី​ព្រះបាទ សុរិយវរ្ម័ន​ទី​២ មក ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រាសាទ​ទាំងអស់ នៅក្នុង​ស្រុក​ខ្មែរ​ហ្នឹង គឺ​លោក​ចាត់​ចែង ។ ដូច្នេះ​ចំពោះ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ដែល​មាន​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោក​មាន​កិច្ចការ​សម្រាប់​ប្រាសាទ​ព្រះវិហារ» ។បើ​តាម​ចំណារ​លើ​សិលា​ចារឹក​នៅ​នឹង​ភ្នំ​សណ្ដក កា​លេខ ១៩៤ និង​នៅ​ភ្នំ​ព្រះវិហារ កា​លេខ ៣៩៨ បាន​ឲ្យ​ដឹង​ថា ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ទិវាក ឬ ទិវាការៈ បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ។
​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំដងរែក នៅ​ខេត្ត​ព្រះវិហារ​។
ព្រាហ្មណ៍ទិវាក ក៏​បាន​ទទួល​ភារៈ ជា​អ្នក​ចាត់ចែង​បញ្ជា​ត​ពី​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ គឺ​ថា លោក​ចាត់ចែង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ដែល​សម្រាប់​ប្រើប្រាស់​ក្នុង​ការកសាង​ប្រាសាទ​ទាំង​អស់ នៅ​ក្នុង​ស្រុក​ខ្មែរ នា​កាលណោះ ។
លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិ​សាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា បាន​សេចក្តី​ថា ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​ដែល​ព្រាហ្មណ៍ទិវាក បាន​ទទួល​ជា​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ រួមមាន​គ្រឿង​អលង្ការ​ជា​មាស ជា​ពេជ្រ​ដ៏​មាន​តម្លៃ និង​ជា​វត្ថុ​មាន​តម្លៃ​ជា​មធ្យម​ក្តី គឺ​លោក​យក​ទៅ​ថ្វាយ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។
លោក​សាស្ត្រាចារ្យ ឃិន សុខ មាន​អធិប្បាយ​ដូច្នេះ​ថា ៖ «ក្នុង​ការរក្សា​ទាក់ទង​នឹង​អាទិទេព ស្រីសិខៈ រិស្វារៈ​ហ្នឹង គឺ​លោក​ធ្វើអី​ខ្លះ​នៅ​នឹង​ព្រះវិហារ? ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោក​ទៅ​សង់​រូប​អាទិទេព​ផ្សេង​ៗ លោក​ឲ្យ​ដី​ភូមិ លោក​ទៅ​បោះ​ព្រំប្រទល់ លោក​ឲ្យ​ពល​សម្រាប់​ភូមិ​ណា ដែល​ត្រូវការ​សម្រាប់​ធ្វើ​ម៉េច​ឲ្យ​អាច​បាន​ធ្វើការ យក​ស្រូវ យក​អង្ករ​ហ្នឹង យក​មក​បូជា​ធ្វើ​ពិធី​ផ្សេង​ៗ នៅក្នុង​ប្រាសាទ​ព្រះវិហារ​នេះ ។ ហើយ​មួយ​ពេល​នោះ លោក​ទទួល​បាន​បុស្បុក​មាស​ជា​រង្វាន់​ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ លោក​យក​ទៅ​ថ្វាយ​អាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេល​ដែល​ចូលឆ្នាំ​ក៏​លោក​ធ្វើ​សម្រាប់​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺ​លោក​យក​សំរឹទ្ធ​ទៅ​ក្រាល​នៅ​កណ្តាល​ប្រាសាទ ដែល​គេ​យល់​ថា​ប្រាសាទ​នៅ​ឯ​ចុង​ភ្នំ​នោះ ហើយ​យក​ចាន​ធ្វើ​អំពី​មាស ពី​ប្រាក់ យក​ទៅ​ប្រើប្រាស់​នៅក្នុង​ប្រាសាទ មាន​ឲ្យ​ជា​សត្វ​ពាហនៈ មាន​ឲ្យ​ជា​ខ្ញុំ​បម្រើ ។ បន្ទាប់​មក​ទៀត លោក​ធ្វើការ​ជួសជុល​សំណង់​ផ្សេង​ៗ លោក​ជា​អ្នក​ទទួល​ព្រះករុណា​យាង​ទៅ​ណា លោក​ទៅ​តាម​ដើម្បី​នឹង​ទទួល​កិច្ចការ​ដែល​ពិនិត្យមើល​ប្រាសាទ​នានា ក្នុង​ព្រះរាជាណាចក្រ ។ អ៊ីចឹង​ផ្នែក​ខាង​បូជា ផ្នែក​ខាង​រក្សា​ប្រាសាទ គឺ​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ លោក​ផ្ទុកផ្ដាក់​ទៅ​លើ​ព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះ​ឯង» ។
លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្នុរ ប្រាសាទ​បាពួន រំឭក​គុណ​ព្រះឥសូរ ។
លោក​សាស្ត្រាចារ្យ​អធិប្បាយ​បន្ថែម​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ជាពិសេស​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវ​ធ្វើ​ម៉េច បន់​ស្រន់ គោរព​បូជា យ៉ាង​ដាច់​ខាត ។ សេចក្តី​សង្ខេប​របស់​ខ្ញុំ ទីតាំង​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ទី​មួយ គឺ​គេ​ទុក​អាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាល​គេ​សរសេរ ខរៈ ស្វារៈ ជួនកាល​គេ​សរសេរ សិខៈ រិស្វារៈ ប៉ុន្តែ​គឺ​ជា​ឈ្មោះ​តែ​មួយ​ទេ ។ គឺ​ជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់ ។ គេ​ជឿ​ថា នាំ​ភោគ​ផល នាំ​សេចក្តី​សុខ​មក​ដល់​ប្រទេស​ខ្មែរ ។ ទី​២ ប្រាសាទ​ភ្នំ​ព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជា​ទីកន្លែង​សម្រាប់​ព្រះរាជា​គង់​នៅ​ទេ ។ មិនមែន​មាន​ទីភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ។ គឺ​មានតែ​កន្លែង​សម្រាប់​អ្នកបួស ឲ្យ​ចូល​មក​តាំង​សីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះ ត​ទៅ​ទៀត ។ បើ​បាន​អញ្ជើញ​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​៣ រាប់​ពី​ក្រោម​ទៅ នៅ​ខ្លោង​ទ្វារ​ទី​៣ ហ្នឹង​មាន​សិលា​ចារឹក​កា​លេខ ៣៨១ នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺ​ជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព​និង​ថែ​រក្សា​អាទិទេព ស្រីសិខៈ រិស្វារៈ នោះ​ត​ទៅ​ទៀត ។ ដូច្នេះ​ប្រាសាទ​ភ្នំ​ព្រះវិហារ ខុសពី​ប្រាសាទ​ឯទៀត​ៗ» ។
ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ តាំងពី​ប្រមាណ ១​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​កសាង​ឡើង​នៅ​ក្នុង​ដែនដី​ខ្មែរ ក្នុង​គ្រា​ដែល​ប្រទេស​ថៃ ឬ សៀម នៅ​ពុំទាន់​មាន​វត្តមាន​នៅ​លើ​ទីតាំង​សព្វថ្ងៃ​នេះ នៅ​ឡើយ​ទេ ។
អ្នកប្រវត្តិ​វិទូ​មាន​ជំនឿ​ថា ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ។ ដំណាក់​កាល​ទី​មួយ គេ​គិត​សង្ស័យ​ថា សង់​ឡើង​កាល​ពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះបាទ​ជយវរ្ម័ន​ទី​២ ។
កាលពី​ប្រមាណ​ជា​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ នោះ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ ។ លុះ​មក​ដល់​រជ្ជកាល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​នៅពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​១១ មាន​ការកសាង​ប្រាសាទ​ព្រះវិហារ​ជា​ដំណាក់កាល​ធំ​ទី​២ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំ​ជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅ​ក្នុង​ដែនដី​នៃ​ប្រាសាទ​ព្រះវិហារ​នោះ ។
បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ គឺ​នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង​ឲ្យ​កាន់តែ​ល្អ​ដែល​ជា​ការ​កសាង​ក្នុង​ដំណាក់កាល​ធំ​ទី​៣ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។
លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ប្រទេស​ថៃ ឬ​សៀម មាន​កំណើត​លើ​ដែនដី​សព្វថ្ងៃ​នេះ គឺ​ចាប់​ពី​សតវត្សរ៍​ទី​១៣ ក្រោយ​មក ។
សូមរំឭក​ជូន​ថា ទីតាំង​ដែល​ធ្វើ​ប្រាសាទ​ព្រះវិហារ ដែល​ស្ថិតនៅ​លើ​កំពូល​ភ្នំ ទី​ខ្ពស់​ជាង គេ​នោះ​មាន​កំពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។
បើ​គិត​ពី​ផ្លូវចូល​ពី​ដី​ទំនាប មាន​កាំ​ជណ្តើរ​សម្រាប់​ឡើង​បន្តិច​ម្តង​ៗ​រហូត​ដល់​តួ​ប្រាសាទ​ដែល​នៅ​លើ​កំពូល​ភ្នំ​នោះ​គឺ​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ដែល​ក្នុង​នោះ គេ​ត្រូវ​ឆ្លងកាត់​ខ្លោង​ទ្វារ​៥ ។
លុះ​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ បាន​ប្រកាស​ជា​ផ្លូវការ​ទទួលស្គាល់​ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ថា ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ខ្មែរ​ឈ្នះ​ក្តី​លើ​ភាគី​ប្រទេស​ថៃ ៕
(ខ្មែរសុភាពរាបសារ អត់ធ្មត់ និង រឹងមាំ)

No comments: