I. សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារ (ភាគ១)
ឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារបានស្ថាបនាឡើងដោយព្រះមហាក្សត្រខ្មែរ តាំងពី១ពាន់ឆ្នាំមុនមកម្ល៉េះ គឺកសាងឡើងនៅក្នុងដែនដីខ្មែរ ។
ប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា។
បើតាមសៀវភៅប្រវត្តិសាស្រ្តខ្មែរមួយចំនួន ដែលក្នុងនោះមានសរសេរដោយលោក អាល់បែរ ឡឺបោននឺ និងលោក ក្លូដ ហ្សាក់ បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។
ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាឡើង ក្នុងគ្រាដែលស្រុកខ្មែរមានផ្ទៃដីធំធេងលាតសន្ធឹងរហូតដល់ប្រទេសភូមា ខាងជើងទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសលាវ ។ ចំណែកប្រទេសថៃសព្វថ្ងៃ គឺពុំទាន់មានទេ ដីស្រុកថៃសព្វថ្ងៃ គឺជាដែនដីខ្មែរនាកាលណោះ ។ ហេតុនេះហើយ ទើបព្រះមហាក្សត្រខ្មែរសង់ប្រាសាទព្រះវិហារបែរទៅទិសខាងជើងដែលមានដីទំនាប ងាយធ្វើជណ្តើរឡើង ប្រសើរជាងទិសខាងត្បូង ដែលមានជញ្ជាំងភ្នំចោទខ្ពស់ពេក ។
លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។
មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ ៥ ។ ឡើងពីកាំទីមួយ ដើម្បីទៅដល់ខ្លោងទ្វារទីមួយ គេត្រូវឆ្លងកាត់ជណ្តើរ ១៥៩កាំ ដែលមានចម្ងាយ ៧៩ម៉ែត្រ ។ បន្តទៀត គេត្រូវដើរពីខ្លោងទ្វារទីមួយ តាមជណ្តើរដែលមានចម្ងាយ ២៥៥ម៉ែត្រ ទើបគេទៅដល់ខ្លោងទ្វារទី២ ។
នៅលើជាប់នឹងខ្លោងទ្វារទី២ គេមានធ្វើហោជាង ដែលមានគូររូបកូរសមុទ្រទឹកដោះ ។ ហើយនៅខាងឆ្វេងដៃមានស្រះមួយ ដែលមានទទឹង ១៨ម៉ែត្រនិងបណ្តោយ ៣៦ម៉ែត្រ ។ ស្រះនេះមានសារសំខាន់ណាស់ ព្រោះថា កាលពីពេលដែលព្រះមហាក្សត្រថៃ សព្វថ្ងៃគឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃបានមកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ ។
លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍បន្តអំពីទីតាំងភូមិសាស្រ្តនៃសំណង់ប្រាសាទព្រះវិហារ ដោយរាប់ចាប់ពីខ្លោងទ្វារទីពីរឡើងទៅ ៖ «ឥឡូវនេះ ចូលមកដល់ខ្លោងទ្វារទី២ ហើយឡើងមកទៀត ហើយចម្ងាយ ១៥០ម៉ែត្រ មានបោះគោលតាមផ្លូវហ្នឹងរហូត ។ នៅខាងឆ្វេងដៃដដែលហ្នឹង មានតួប្រាសាទតូចៗ ឡើងមកទៀតអ៊ីចឹងមក ១៥០ម៉ែត្រហ្នឹង បានមកដល់ខ្លោងទ្វារទី៣ៗ ហ្នឹងមានសិលាចារឹក ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឲ្យតាំងសីល គេឲ្យរៀនធម៌ នៅហ្នឹងចូលផុតពីខ្លោងទ្វារទីបីមកនេះ ។ នៅចន្លោះពីខ្លោងទ្វារទីបីនិងខ្លោងទ្វារទីបួន មានផ្លូវដើរ ប្រហែល ៤០ម៉ែត្រ ។ ផ្លូវដើរ ៤០ម៉ែត្រនេះឯង ដែលមានធ្វើជាខ្លួននាគ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនេះឯង ។ យើងដើរតាមផ្លូវនាគហ្នឹងមក បានមកដល់ខ្លោងទ្វារទី៤ ។ មកដល់ខ្លោងទ្វារទី៤ ប្រាសាទហ្នឹងបែរមុខទៅទិសខាងជើង ។ នៅទិសខាងលិចឬក៏នៅស្តាំដៃហ្នឹង មានអគារមួយ នៅខាងឆ្វេងដៃអត់មានទេ ។អគារនេះឯងប្រហែលគេទុកឲ្យសម្រាប់ឥសីធំៗសំណាក់ឬក៏តាំងសីលនៅត្រង់កន្លែងហ្នឹង» ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់ថា ចម្ងាយពីខ្លោងទ្វារទី៤ ទៅដល់ខ្លោងទ្វារទី៥នោះ មានប្រមាណពី៤០ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លងខ្លោងទ្វារទី៥នេះ ទើបទៅដល់ប្រាង្គប្រាសាទចុងក្រោយបង្អស់ ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ មានកំពស់ ៥២៥ម៉ែត្រ ៖ «ប្រាសាទនេះមិនជាធំប៉ុន្មានទេ មិនជាធំហ្នឹង គឺមិនបានដល់ប្រាសាទនៅភ្នំជីសូរ នៅខេត្តតាកែវផង ។ កន្លែងនេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ ដែលគេថា ជាអាទិទេពប្រចាំប្រាសាទព្រះវិហារ បើយើងគិតតែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ តែប៉ុណ្ណោះ ហើយបើយើងដើរទៅខាងក្រោយប្រាសាទហ្នឹង ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺកន្លែងដែលចោទហើយ ផុតត្រឹមប៉ុណ្ណឹង ។ ដូច្នេះចុងខាងក្រោយនេះឯង ប្រហែលជាគេទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មកដល់ឆ្នាំ២០០៨ នេះ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន អ្វីដែលនៅឃើញសល់សព្វថ្ងៃនេះ យើងមើលទៅតាំងពីក្បាច់ចម្លាក់ គួរឲ្យស្រលាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់» ។
លោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះៗគឺប្រាសាទព្រះវិហារនេះឯង ។ តើព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺជាព្រះរាជបុត្រានៃព្រះបាទជយវរ្ម័នទី២ គឺលោកសោយរាជ្យនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ។ ខ្ញុំអធិប្បាយទាំងអស់នេះ ខ្ញុំអត់មានបន្ថែមទេ ខ្ញុំស្រង់សេចក្តីទាំងអស់ ដូចខ្ញុំជម្រាបបន្តិចម្តងៗនោះ ។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ» ៕
ដួងវិញ្ញាណខ្មែរគឺប្រាង្គប្រាសាទ""
No comments:
Post a Comment