ចេនឡា គឺជាឈ្មោះអាណាចក្រមួយដែលកើតឡើង ក្រោយពីអាណាចក្រភ្នំ បានដួលរលំ។ ក្រោយមកចេនឡា ក៏ត្រូវបានបែងចេកជាពីរ គឺចេនឡាខាងជើង ជាចេនឡាដីគោក និងចេនឡាខាងត្បូង ជាចេនឡាទឹកលិច។
ទីតាំងភូមិសាស្ត្រ
ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសឡាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន ... ។
បំរែបំរួលប្រជាករ និងស្ថានភាពសង្គម
ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរភ្នំ ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចំការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។ចេនឡាមានការរីកចម្រើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រភ្នំវិញរងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រភ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវរ្ម័ន និងប្អូនជីដូនមួយ ចិត្រសេន បានវាយលុកអាណាចក្រភ្នំប្រហែលរវាងគ.ស. ៥៥០។ អាណាចក្រភ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡា គឺ ព្រះបាទភវវរ្ម័នទី១ ហើយអាណាចក្រភ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសម្បូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសម្បូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ។ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា។
មហាក្សត្រល្បីៗសម័យចេនឡា
ព្រះបាទភវវរ្ម័នទី១(៥៥០ - ៦០០) បានប្រែឈ្មោះនគរភ្នំមកជា កម្ពុជា។
ព្រះបាទមហេន្ទ្រវរ្ម័ន(៦០០ - ៦១៥) បានចងសម្ព័ន្ធភាពនឹងប្រទេសចម្ប៉ា។
ព្រះបាទឥសានវរ្ម័នទី១(៦១៥ - ៦៣៥) ទ្រង់បានយកចិត្តទុកដាក់ទៅលើប្រព័ន្ធធារាសាស្ត្រ កសាងប្រាសាទបាយ៉ង់កោរ និងកសាងរាជធានីនៅ ឥសានបុរៈ។
ព្រះបាទជ័យវរ្ម័នទី១(៦៥៧ - ៦៨១) ទ្រង់បានធ្វើទំនាក់ទំនងជាមួយប្រទេសចិន។ ក្រោយពេលព្រះអង្គចូលទិវង្គត ព្រះរាជបុត្រីព្រះនាម ព្រះនាងជ័យទេវី បានឡើងគ្រងរាជ្យបន្ត។ អំណាចរបស់ព្រះមហាក្សត្រនាពេលនោះធ្លាក់ចុះខ្សោយ ធ្វើឲ្យមានភាពច្របូកច្របល់ក្នុងស្រទាប់ប្រជារាស្ត្រ ដែលនាំទៅដល់អស្ថិរភាពនយោបាយ ធ្វើឲ្យប្រទេសបែងចែកជាពីរ(គ.ស. ៧០៦)។
ចងចាំ
ចេនឡា ជាសាមន្តរដ្ឋរបស់នគរភ្នំ នឹងស្ថិតនៅវាលទំនាបភាគកណ្ដាល នៃទន្លេមេគង្គក្នុងតំបន់បាសាក់ ប្រទេសឡាវសព្វថ្ងៃ។ នៅរវាងគ.ស. ៥៥០ គ្រោះធម្មជាតិនៅនគរភ្នំបានធ្វើឲ្យរាជវង្សខាងចេនឡាធ្វើសញ្ជ័យលើរាជវង្សនគរភ្នំ ហើយក៏ប្ដូរឈ្មោះប្រទេសទៅជា កម្ពុជា។ នៅរវាងឆ្នាំ៧០៦ កម្ពុជាបានបែកបាក់ជាពីរ គឺចេនឡាដីគោក និងចេនឡាទឹកលិច ហើយការបែកបាក់នេះជាការបើកឱកាសឲ្យជ្វាចូលលុកលុយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment